បើអ្នកបានស្រី្តប្រភេទនេះជាភរិយា ត្រូវចេះថែរក្សានាងឱ្យបានល្អ
ដូចពាក្យចាស់លោកពោលថា៖ ប្រុសពេញដី ស្រីពេញនគរ កល្យាណមិនសម្បូណ៌ ជន់ជោរដោយបុថុជ្ជន ។ នៅក្នុងសង្គមបច្ចុប្បន្ននេះ នារីៗសាមញ្ញៗដែលមានជីវិតហ៊ុំព័ទ្ធប្រឡាក់ទៅដោយគ្រឿងសៅហ្មង ដែលកំពុងជាប់ជំពាក់នឹង៖ ទ្រព្យសម្បត្តិ រូបសម្ផស្ស សម្ភារនិយម តិរច្ឆានកថានិយម ប្រកបមាយាទក្រៅគន្លងស្រ្តី វីវក់នឹងស្រា-បៀរ ពូកែរាំរែក ពូកែបោកប្រាស ពូកែកុហក គឺសម្បូណ៌ច្រើនអនេក ដូច្នេះហើយទើបធ្វើឱ្យបុរសៗមួយចំនួនដែលមានការសិក្សាបានខ្ពង់ខ្ពស់ ប្រកបដោយក្រមសីលធម៌-សុជីវធម៌ និងមានការគិតគូរវែងឆ្ងាយនោះប្រទះនឹងភាពមិនងាយស្រួលក្នុងការស្វែងរកឧត្តមស្រ្តីម្នាក់មកធ្វើជាឧត្តមភរិយា ។ ប៉ុន្តែប្រសិនបើវាជាឧបនិស្ស័យរបស់អ្នក នៅថ្ងៃណាមួយដែលអ្នកបានជួបស្រ្តីដែលមានឧត្តមលក្ខណសម្បត្តិ៥យ៉ាងនេះធ្វើជាភរិយាហើយ ចូរថែរក្សានាង និងកសាងសុខសុភមង្គលជូននាងឱ្យបានគង់វង្ស៖
១. ស្ងប់ តែមិនស្ងាត់
លក្ខណៈទី១របស់នាង, គឺនាងស្ងប់ដោយបានយល់ច្បាស់អំពីជម្រៅនៃព្រះធម៌, កាលណានាងយល់ច្បាស់ពីព្រះធម៌ យល់ពីជម្រៅនៃដួងចិត្តរបស់ខ្លួននាង យល់ច្បាស់ពីច្បាប់ធម្មជាតិយ៉ាងល្អិតសុខុម នោះគឺបានន័យថានាងយល់ពីមនុស្សនៅជុំវិញខ្លួន យល់ពីកាលៈទេសៈ យល់ពីសង្គមមនុស្សច្បាស់លាស់ណាស់, មនុស្សស្រីប្រភេទនេះ នាងស្ងប់ចំពោះការពិតនៅខាងក្នុងមណ្ឌលចក្រវាឡនៃចិត្តរបស់នាង ប៉ុន្តែនាងនឹងមិនស្ងាត់ជ្រងំសម្ងំយកសុខតែម្នាក់ឯងឡើយ ព្រោះដោយសារតែចិត្តប្រកបដោយមេត្តា ករុណា មុទិតា និងឧបេក្ខា នោះនាងនឹងប្រឹងប្រែងគ្រប់សកម្មភាពដែលនាងអាចធ្វើទៅបានដើម្បីរំដោះមនុស្សតាមរយៈការពន្យល់ចង្អុលបង្ហាញផ្លូវត្រូវ ដើម្បីឱ្យមនុស្សដែលនាងអាណិតអាសូរទាំងនោះអាចរំដោះខ្លួនចេញពីអន្លង់ទុក្ខបាន ។
២. ជាមនុស្សមិនរឹងរូសមានះ
លក្ខណៈទី២នេះ នៅពេលណានាងយល់ពីសេចក្ដីពិតយ៉ាងជ្រាលជ្រៅហើយ នាងអាចសម្របខ្លួនបានគ្រប់កាលៈទេសៈ និងជាមួយគ្រប់ប្រភេទមនុស្សទាំងអស់នៅក្នុងសង្គម ព្រោះដោយសារតែនាងមានអំណាចនៃចិត្តមួយ គឺមេត្តាចិត្ត ប៉ុន្តែនាងនឹងមិនបន្តសេពគប់ជាមួយប្រភេទមនុស្សដែលពោរពេញដោយធាតុបាបកម្មក្រាស់ក្រែល ពិបាកនឹងជួយណែនាំឡើយ ។
៣. នាងជាមេដឹកនាំដ៏អមតៈ
លក្ខណៈទី៣នេះ គឺនាងមិនត្រឹមតែមានការយល់ដឹងអំពីដំណើរប្រព្រឹត្តទៅនៃច្បាប់សាកល ឬច្បាប់ធម្មជាតិប៉ុណ្ណោះទេ ប៉ុន្តែនាងក៏ជាស្រ្តីដែលទទួលបានការសិក្សាក្នុងវិជ្ជាផ្លូវលោកីយ ក្នុងកម្រិតឧត្តមណាមួយនៃសាកលវិទ្យាល័យដែរ ។ អំណោយផលនៃឧបនិស្ស័យបានពីការសិក្សាក្នុងវិជ្ជាផ្លូវលោកសាមញ្ញ និងវិជ្ជាចម្លងខ្លួនឱ្យរួចផុតពីអន្លង់ទុក្ខទាំងពីរយ៉ាងនេះហើយ ដែលធ្វើឱ្យនាងមានទេពកោសល្យក្នុងការធ្វើជាមេដឹកនាំជាអមតៈ ហើយមិនងាយមានជនសាមញ្ញណាមួយអាចចូលមកបំបែកហែកហួង ឬផ្ចាញ់ផ្ចាលនាងបានឡើយ ប៉ុន្តែជួនកាលដោយសេចក្ដីមេត្តា និងយល់ពីកាលៈទេសៈ នាងក៏មិនបន្តនៅយកឈ្នះចាញ់ជាមួយសាមញ្ញជន ឬ (ពពួកមនុស្សប្រុស ឬស្រីដែលពោរពេញដោយបាបកម្ម) ទាំងនោះដែរ ។
៤. ចេះនូវគេហវិជ្ជាតាមលក្ខណៈរបស់ស្រ្តី៖
លក្ខណៈទី៤នេះ, បើនាងពូកែរឿងខាងក្រៅ រឿងសង្គមមនុស្ស រឿងសង្គមពិភពលោក រឿងនយោបាយ សេដ្ឋកិច្ច និងវប្បធម៌ជាដើមនៅខាងក្រៅហើយ, រឿងខាងក្នុងផ្ទះ ដូចជា៖ ការកសាងមនោសញ្ចេតនា កសាងរបៀបរបបរស់នៅប្រកបដោយផាសុកភាព និងវិន័យ និងសុខសុភមង្គលនៅក្នុងរង្វង់គ្រួសារ ក៏នាងប៉ិនប្រសប់ផងដែរ ។ ជាពិសេសទៅទៀតនោះ នាងគឺជាមនុស្សដែលមានសម្ដី កាយវិការ និងរលកចិត្តស្មើល្អគ្រប់ពេលចំពោះសមាជិកគ្រួសារទាំងអស់ ។ នាងមិនដែលមានគំនិតគិតអាក្រក់ចំពោះសមាជិកគ្រួសារណាម្នាក់, ការប្រើសម្ដីសម្ដៅរបស់នាងទៅកាន់សមាជិកគ្រួសារ គឺមិនខ្លាំងពេក មិនស្រាលពេក គឺល្មមនឹងស្ដាប់បានហើយងាយយល់ ។ ពិតណាស់នាងគឺជាមាតា និងជាភរិយាដ៏ឧត្ដម ។
៥. នាងមានឧត្តមសម្បត្តិពិសេស៣ទៀត៖
-រូបសម្បត្តិ៖ នាងមិនងាយរងគ្រោះដោយសារជម្ងឺ (មានសុខភាពល្អជានិច្ច), មានសម្បុរល្អ, មុខមាត់មានសិរីសួស្ដីជាប្រចាំ
-ធម្មចរិយាសម្បត្តិ៖ នាងប្រកបដោយសីល៥ (មិនសម្លាប់ជីវិត, មិនលួចកិបកេងទ្រព្យសម្បត្តិរបស់អ្នកដទៃ, មានភក្ដីភាពយ៉ាងជ្រាលជ្រៅចំពោះស្វាមីខ្លួន, មិនពោលពាក្យកុហក, មិនផឹកស្រា ឬបៀរ)
-ទ្រព្យសម្បត្តិ៖ មិនត្រឹមតែកើតមកមានធម្មជាតិពូកែរកទ្រព្យសម្បត្តិតាមរយៈកិច្ចការស្របច្បាប់ និងសុចរិត ប៉ុន្តែនាងក៏ពូកែទុកដាក់ និងសន្សំសំចៃដើម្បីអនាគតគ្រួសាររបស់នាងណាស់ដែរ ៕
*ស្រ្តីបែបនេះក្នុងសង្គមសម័យជ្រួលជ្រើមដោយបច្ចេកវិទ្យាទំនើបនិយមបច្ចុប្បន្ននេះកម្រមានណាស់, ប៉ុន្តែមិនមែនថាគ្មានឡើយ គឺប្រហែលមាន១ក្នុងចំណោមមនុស្ស១លាននាក់ ប៉ុន្តែប្រសិនជាអ្នកបានស្រ្តីប្រភេទនេះជាឧត្តមភរិយាហើយ នោះច្បាស់ណាស់អ្នកប្រាកដជាប្រកបដោយឧត្តមលក្ខណសម្បត្តិប្រសើរក្នុងនាមជាបុរស ជាឧត្តមស្វាមីសម្រាប់នាង និងថែរក្សានាងឱ្យបានល្អប្រសើរ ៕
ប្រសិនជាប្រិយមិត្តមានវិធីសាស្រ្តមានប្រយោជន៍ថ្មីៗ ឬអាថ៌កំបាំងជីវិតដែលទាក់ទងនឹងស្នេហា មុខជំនួញ ការសិក្សា ឬវិធីសាស្រ្តគ្រប់គ្រង ហើយគិតថាមានប្រយោជន៍ក្នុងការផ្លាស់ប្ដូរជីវិតប្រជាជនខ្មែរនៅក្នុងសង្គមរបស់យើងឱ្យមានភាពល្អប្រសើរឡើង, ឬជាសារប្រកបដោយឧត្តមគតិចង់ផ្ញើរទៅដាស់តឿននរណាម្នាក់, លោកអ្នកអាចផ្ញើរមកកាន់ Email: hengyong.peacewalker@gmail.com ។ យើងខ្ញុំនឹងជួយទម្លាយនូវអាថ៌កំបាំងទាំងនោះជូនលោកអ្នក ។ ការសម្ងាត់នឹងត្រូវបានរក្សាជូន !
*ចំណាំ៖ អត្ថបទត្រូវប្រកបដោយ (សីលធម៌, មិនខុសវេយ្យាករណ៍ខ្មែរ, មានរបៀបរៀបរយ) ។

Comments
Post a Comment