"ម្តាយឪពុកគ្រប់រូប គប្បីពិចារណានូវចំណុចទាំង៣ប្រភេទនេះ៖"
ម្ដាយឪពុកប្រភេទទី១៖
លុតកូនឱ្យចូលសាលាអន្តរជាតិ រៀន និងនិយាយតែភាសាបរទេសតាំងពីក្មេងរហូតដល់ពេលធំពេញវ័យ សូម្បីតែពាក្យនិយាយជម្រាបសួរ ឬអញ្ជើញម៉ែឪខ្លួនឯងឱ្យពិសារបាយ ក៏ពិបាក និងកម្រនិយាយ ។ ម្ដាយឪពុកប្រភេទនេះ ភាគច្រើនគិតថា៖ ចង់ឱ្យអនាគតកូនៗរបស់គាត់ ទៅមានវាសនាល្អល្អូកល្អើនតែជាមួយនឹងជនបរទេសជាជាងជាមួយនឹងជាតិខ្មែរខ្លួនឯង ។ ដូច្នេះមានន័យថា៖ គាត់រស់នៅលើដីខ្មែរ ត្រឹមតែដើម្បីកសាងឱកាសភៀសខ្លួនទៅរស់នៅឯនាយសមុទ្រប៉ុណ្ណោះ ។
ម្ដាយឪពុកប្រភេទទី២៖
ព្រងើយកន្តើយ មិនអើពើពីដំណើរវិវត្តន៍ទៅនៃសង្គមពិភពលោកថាគេដើរដល់ណាហើយ ព្រោះណាមួយមកពីខ្លួនខ្វះការយល់ដឹងផងដែរ ។គាត់ប្រឹងឃុំគ្រងកូនឱ្យនៅតែជាមួយកិច្ចការក្នុងរង្វង់ផ្ទះ ឬមុខរបរជ្រុលហួសហេតុពេក ។ កូនៗចេះតែនិយាយភាសាជាតិ មានពេលខ្លះក៏ប្រើប្រាស់ភាសាជាតិមិនទាន់បានត្រឹមត្រូវល្អជាផ្លូវការបានប៉ុន្មាន ប៉ុន្តែបើពាក្យបញ្ចើចបញ្ជោរ ដៀមដាម ឌឺដង ជេរប្រទេចគឺពូកែមិនបាច់បង្រៀន ប៉ុន្តែបើជំនាញទំនាក់ទំនងជាមួយនឹងអន្តរជាតិគឺមានការលំបាកណាស់ ។ ប៉ុន្តែក៏មានបងប្អូនខ្លះ គាត់មិនសូវជាចេះភាសាបរទេសមែន ប៉ុន្តែការប្រើប្រាស់ភាសាជាតិរបស់គាត់ គឺមានលក្ខណៈផ្លូវការក្នុងក្របខណ្ឌសិក្សាជាន់ខ្ពស់តែម្ដង ។
ម្ដាយឪពុកប្រភេទទី៣៖
គាត់លុតដំកូន តែពាក្យមួយឃ្លាគត់៖ គឺកូនៗ "ត្រូវចេះរបៀបរៀនរស់ជាមួយមនុស្សក្នុងលោក" ។ ឃ្លានេះលោកចង់សម្ដៅថា៖ ភាសាវាគ្រាន់តែជាមធ្យោបាយដើម្បីទំនាក់ទំនងជាមួយនឹងមនុស្សក្នុងលោកប៉ុណ្ណោះ ប៉ុន្តែយើងក៏ត្រូវតែចេះទាំងភាសាជាតិខ្លួនឯង និងភាសាអន្តរជាតិដែលកំពុងប្រើប្រាស់ជាសាកលណាមួយឱ្យបានស្ទាត់គ្រប់ជំនាញការផងដែរ ។ ដូច្នេះក្នុងនាមជាខ្មែរ គឺយើងត្រូវចេះពីរបៀបរស់នៅជាមួយខ្មែរគ្នាឱ្យបានល្អប្រសើរជាមុនសិន បន្ទាប់មកក៏ត្រូវមានមធ្យោបាយពិសេសដើម្បីបង្កើនទំនាក់ទំនងល្អជាមួយនឹងអន្តរជាតិផងដែរ ៕

ដោយ៖ ឈូកស
Comments
Post a Comment